រូបភាព
កំពុងទស្សនា
ពាណិជ្ជកម្ម

PostHeaderIcon អាជ្ញាធរ​ដាស់​តឿន​ពលរដ្ឋ​ពី​គ្រោះ​អាសន្ន​ដែល​អាច​កើត​ចេញ​ពី​ខ្យល់​ព្យុះ​នៅ​ចិន

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​តឿន​ប្រជាពលរដ្ឋ​អំពី​គ្រោះ​អាសន្ន​ ដែល​អាច​កើត​មាន​ដោយសារ​ភ្លៀង ផ្គរ​និង​រន្ទះ​ខ្លាំងក្លា កើត​ចេញ​ពី​ខ្យល់​ព្យុះ​ឈ្មោះ កេតសាណា ដែល​កំពុង​បោក​បក់​ចូល​មក​ប្រទេស​កម្ពុជា​ពី​សមុទ្រ​ចិន​ខាង​ត្បូង។

ព្យុះ​កេតសាណា​នេះ​នឹង​បង្កើន​ឥទ្ធិពល​ទៅ​ជា​ខ្យល់​ព្យុះ​កំបុត​ត្បូង​នៅ ​ថ្ងៃ​ទី​២៩​-​៣០ កញ្ញា​នេះ ដោយ​នឹង​បន្ថែម​ល្បឿន​ដល់​ទៅ​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ផ្គរ​និង​រន្ទះ​ខ្លាំង​ហើយ​ច្រើន​នៅ​ស្ទើរ​ គ្រប់​ទី​កន្លែង ជា​ពិសេស​នៅ​ខេត្ត​ក្នុង​តំបន់​ភាគ​ឦសាន ដូច​ជា​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម​និង​កំពង់ធំ និង​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស និង​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និង​កំពង់ធំ។ ខ្យល់​ព្យុះ​កំបុត​ត្បូង​កេតសាណា​ក៏​នឹង​ ប៉ះពាល់​ខេត្ត​តាម​ឆ្នេរ​សមុទ្រ​ផងដែរ រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប។ រលក​សមុទ្រ​អាច​មាន​កម្ពស់​១​ម៉ែត្រ​ទៅ​២​ម៉ែត្រ។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក៏​តឿន​ថែម​ទៀត​ថា ក្នុង​ស្ថានភាព​បែប​នេះ ទឹក​ទន្លេ​មេកុង​នឹង​អាច​ឡើង​ជា​បន្ត​បន្ទាប់​ហើយ​អាច​មាន​ជំនន់​ទឹក​ភ្លៀង​ ផង។

នៅ​ចំពោះ​មុខ​គ្រោះ​អាសន្ន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី​នៃ​បណ្តា​ខេត្ត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ថា ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​និង​មាន​វិធានការ​ត្រៀម​ទុក​ជា​មុន​តាម ​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការ​ខូចខាត​នានា ​ដែល​អាច​កើត​មាន​ជាយថាហេតុ។

យោង​តាម​ព័ត៌មាន​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលិពីន មាន​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​កាល​ ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយសារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឈ្មោះ​កេតសាណា​នេះ។

នៅ​រដ្ឋធានី​ប្រទេស​ហ្វីលិពីន ពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់​បាន​ត្រូវ​បាត់​ជម្រក ហើយ​រាប់​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព ខណៈ​ដែល​ព្យុះ​កេតសាណា​បន្ត​បក់​កញ្ជ្រោល​ចូល​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រុម​ការពារ​បរិស្ថាន​ឈ្មោះ Greenpeace បាន​រាយការណ៍​ថា ខ្យល់​ព្យុះ​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ទីក្រុង​ម៉ានីល​អស់​ប្រមាណ​៨០%៕
………………………………………………………………………………..
Copyright © 1998-2009 Radio Free Asia. All rights reserved.

អានព៍តមានផ្សេងៗទៀត

ប្រអប់បញ្ចេញមតិយោបល់

ពាណិជ្ជកម្ម
ពាណិជ្ជកម្ម