រំលោភក្មេងស្រីអាយុ១៣ឆ្នាំ មានផ្ទៃពោះជាង៥ខែទើបបែកការណ៍
ត្រាំកក់-តាកែវ៖ ក្មេងស្រីម្នាក់ត្រូវបុរសចំណាស់ចាប់រំលោភរហូតមានផ្ទៃពោះជាង៥ ខែ ទើបម្ដាយដឹងខណៈពេលនាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យ។ បុរសជាប់ចោទត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ២០០៩ តាមពាក្យបណ្ដឹងម្ដាយក្មេងស្រីរងគ្រោះ។
លោកញ៉ែម សឿន អធិការស្រុកត្រាំកក់បានឲ្យដឹងថា បុរសជាប់ចោទឈ្មោះ ខែ កេន អាយុ៤៤ឆ្នាំ មានប្រពន្ធមានកូន៥នាក់ ឯក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រស់នៅភូមិស្រែខ្វាវ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវជាមួយគ្នា។
ក្មេងស្រីរងគ្រោះបាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា កាលពីខែមីនា ឆ្នាំ២០០៩ មិនចាំថ្ងៃវេលាម៉ោង៥ទៀបភ្លឺ ពេលរូបនាងកំពុងដេកនៅផ្ទះបាយខណៈពេលម្ដាយនាងទៅលក់នំនៅផ្សារ អង្គការបាត់ ស្រាប់តែបុរសជាប់ចោទ (ខែកេន) បានឡើងទៅចាប់រូបនាងស្រាតខោអាវនាងចេញ ហើយរំលោភរហូតបានសម្រេច រួចក៏ចេញទៅវិញបាត់។ រំលងបានរយៈពេលមួយអាទិត្យបុរសរូបនោះ (ខែកេន) ក៏មកចាប់រំលោភរូបនាងបានសម្រេចម្ដងទៀតនៅវេលាម៉ោង៥ទៀបភ្លឺ ដដែល។ ប៉ុន្តែម្ដងនេះបុរសរូបនោះបាននិយាយគំរាមនាងថា កុំនិយាយប្រាប់គេឲ្យសោះបើហ៊ាននិយាយរូបគេនឹងសម្លាប់ចោលភ្លាម។ រូបនាងខ្លាចពុំហ៊ាននិយាយប្រាប់ម្ដាយឡើយ។
ក្មេងស្រីរងគ្រោះបន្តថា លើកទី៣ រំលងជាងដប់ថ្ងៃ បុរសនោះមកចាប់នាងរំលោភនៅវេលាម៉ោង៥ទៀបភ្លឺដដែល។ ដល់លើកទី៤ ក្នុងខែមេសាបុរសរូបនោះបានឡើងមកចាប់រំលោភរូបនាងម្ដងទៀតនៅលើ ផ្ទះបាយ វេលាម៉ោង៥ទៀបភ្លឺដដែល ហើយក៏ចុះត្រឡប់ទៅវិញជាធម្មតា។ តាំងពីពេលនោះមក រូបនាងមានសភាពខុសពីធម្មតា ហើយពោះនាងចាប់ផ្ដើមធំបន្តិចម្ដងៗ រហូតម្ដាយនាងឃើញសង្ស័យហើយនាំនាងទៅពិនិត្យនៅមន្ទីរពេទ្យស្រាប់ តែគ្រូពេទ្យប្រាប់ថា រូបនាងមានផ្ទៃពោះជាង៥ខែហើយ។ ពេលនោះរូបនាងក៏និយាយរៀបរាប់ប្រាប់ម្ដាយពីហេតុការណ៍ដែលកើតឡើង កន្លងទៅ។
ស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបាននិយាយប្រាប់ប៉ូលិសថា រូបគាត់មិនបានដឹងរឿងរ៉ាវកើតហេតុពីដំបូងទេ។ ប៉ុន្តែក្រោយពេលចូលឆ្នាំខ្មែរ ស្រាប់តែឃើញកូនស្រីគាត់មានសភាពហត់ហេវស្លេកស្លាំង ហើយពោះរបស់នាងកាន់តែធំម្ដងបន្តិចៗ គាត់ក៏ជជីកសួររកពីមូលហេតុ ប៉ុន្តែមិនបានការទេ ព្រោះនាងមិនប្រាប់។ ដល់ថ្ងៃទី៣០ សីហា ២០០៩ រូបគាត់ក៏សម្រេចចិត្តនាំកូនស្រីគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ មើលស្រាប់តែគ្រូពេទ្យប្រាប់ថា កូនគាត់មានផ្ទៃពោះជាង៥ខែទៅហើយ។
នៅចំពោះមុខប៉ូលិស បុរសជាប់ចោទបានសារភាពថា រូបគេពិតជាបានឡើងចាប់រំលោភក្មេងស្រីរងគ្រោះខាងលើពិតប្រាកដ មែន ខណៈពេលរូបគេទៅដាក់បាយជ្រូកនៅក្បែរផ្ទះក្មេងស្រីរងគ្រោះ។ ដោយលើកទី១ ពេលដាក់បាយជ្រូករួច រូបគេក៏ដើរទៅផ្ទះក្មេងស្រីរងគ្រោះ ហើយឡើងទៅផ្ទះបាយក៏ឃើញក្មេងស្រីរងគ្រោះនៅដេកម្នាក់ឯង។
បុរសជាប់ចោទត្រូវបានប៉ូលិសកសាងសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ កាលពីព្រឹកថ្ងៃទី២ កញ្ញា ២០០៩។
……………………………………………………………..
ប្រភពព័ត៌មាន៖ កាសែតរស្មីកម្ពុជា ឆ្នាំទី៖ ១៧ លេខ៖ ៤៩៨៩
ចេញផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០០៩

