ប្ដឹងថាប្ដីប្រើអំពីហិង្សា និងរំលោភផ្លូវភេទ
កំពង់ធំ៖ គ្រូបង្រៀនម្នាក់ត្រូវប្រពន្ធប្ដឹងពីបទប្រើអំពើហិង្សា និងរំលោភផ្លូវភេទ ហើយសមត្ថកិច្ចប៉ូលិសស្រុកសន្ទុកចាប់ខ្លួនបញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩។
រឿងនេះ មជ្ឈដ្ឋានទូទៅបាននាំគ្នាយល់ថា ជាប់គុកព្រោះតែរំលោភប្រពន្ធឯង។ ប៉ូលិសស្រុកសន្ទុកបានបញ្ជូនគ្រូបង្រៀនជាប់ចោទមកកាន់សាលាដំបូង ជាមួយនឹងពាក្យបណ្ដឹងរបស់នារីជាប្រពន្ធមកជាមួយផង។ គ្រូបង្រៀនជាប់ចោទឈ្មោះ ទិត ដេត អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក បង្រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាកកោះ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ដើមចោទដែលជាប្រពន្ធឈ្មោះ អ៊ុក ស្រីរដ្ឋា អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាជាងកាត់ដេរនៅផ្សារកកោះ។ ពួកគេទាំងពីរនាក់មានកូនពីរនាក់រួចមកហើយ។
ប៉ូលិសបាននិយាយថា ការរួមភេទដែលធ្វើឡើងដោយបង្ខំដោយគ្មានការព្រមព្រៀង ទោះជាប្ដីប្រពន្ធក៏ដោយ ឲ្យតែភាគីម្ខាងប្ដឹងត្រូវតែមានទោស។ ប៉ូលិសឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនជាប់ចោទជាប្ដីបានវាយធ្វើបាបប្រពន្ធ ហើយចាប់នាងបោះទៅលើពូក និងចាប់រំលោភទាំងកំរោលហើយប្រពន្ធបានរត់ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍ ហើយរត់ទៅប្ដឹងចៅអធិការទៀត។ ជនជាប់ចោទ ទិត ដេត នៅចំពោះមុខក្រឡាបញ្ជីសាលាដំបូងបានរៀបរាប់ថា ប្រពន្ធរបស់ខ្លួនឆ្នាស់ណាស់ ពួកគេស្រឡាញ់គ្នារហូតបានកូនពីរនាក់ទៅហើយ តែពេលនេះគេមួលបង្កាច់ប្ដឹងឲ្យគេចាប់ប្ដីឯងបែបនេះ គឺព្រោះតែប្រពន្ធមានបំណងផ្សេង។
ជនជាប់ចោទនិយាយទៀតថា កាលពីប៉ុន្មានថ្ងៃមុន មានមនុស្សប្រុសទូរស័ព្ទមកជួបប្រពន្ធរបស់ខ្លួន ហើយខ្លួនតាមដានដឹងថា ប្រុសនោះនៅឃុំស្រយូវ។ ព្រោះតែយល់ថា ប្រពន្ធចង់បែកចិត្ត ទើបខ្លួនមានអំពើហិង្សាខ្លះទៅលើប្រពន្ធ តែគ្រាន់តែជាការឈ្លោះទាស់ទែងគ្នាក្នុងនាមជាប្ដីប្រពន្ធ ប៉ុណ្ណោះ។ ចំពោះសំណួរសួរថា មានការចាប់រំលោភដោយបង្ខំមែនឬទេ? ទិត ដេត ឆ្លើយថាមិនពិតទេនៅពេលឈ្លោះប្រកែកគ្នាប្រតាយប្រតប់គ្នា ខ្លួនបានរុញប្រពន្ធដួលទៅលើគ្រែពូក ហើយប្រពន្ធយកលេសថាចាប់បង្ខំគេនៅលើគ្រែតែម្ដង។
មុនពេលចៅក្រមសាលាដំបូងចេញដីកាឃុំខ្លួនគ្រូបង្រៀន គេឃើញប្រជាពលរដ្ឋ នាយកសាលាដែលមកពីភូមិឃុំជាមួយគ្នា ប្រមាណជា៣០ទៅ៤០នាក់ ជិះឡានកូរ៉េមកតវ៉ា និងសុំឲ្យដោះលែងគ្រូបង្រៀននោះឲ្យមានសេរីភាពវិញ។ ប៉ុន្តែបន្ទាប់ពីចៅក្រមពន្យល់អំពីច្បាប់ ទើបប្រជាពលរដ្ឋ និងនាយកសាលា ព្រមត្រឡប់ទៅផ្ទះវិញ។
អ្នកភូមិដែលមកតវ៉ាម្នាក់បានបង្ហើបថា ប្ដីជាគ្រូបង្រៀនទំនងជាអាចយល់ច្បាស់បានច្រើនជាងពលរដ្ឋធម្មតា ហើយទំនងជាមិនឈានដល់ការចាប់បង្ខំរំលោភដូចគ្នាចោទប្រកាន់ នោះទេ ប៉ុន្តែទំនងជាដោយភ្លើងប្រច័ណ្ឌ ព្រោះប្ដីយល់ថា ប្រពន្ធមានប្រុស ទើបឈានដល់ប្រើអំពើហិង្សាខ្លះបែបនេះ។ ចំណែកឯប្រពន្ធវិញ ហេតុអ្វីក៏រហូតឈានដល់ប្ដឹងថាប្ដីរំលោភបំពានលើផ្លូវភេទ មនុស្សទូទៅគេនឹងវិភាគហើយដាក់ពិន្ទុឲ្យភាគីទាំងសងខាង ប៉ុន្តែនេះជារឿងចម្លែកដែលប្ដឹងថា ប្ដីរំលោភផ្លូវភេទ។ ថ្ងៃក្រោយឲ្យតែប្រពន្ធស្អប់ប្ដី ឬខ្លួនចង់មានថ្មី ប្ដឹងថាប្ដីរំលោភឲ្យប៉ូលិសចាប់ប្ដីដាក់គុកទៅ ប្រពន្ធនឹងមានសេរីភាពហើយ (SIC)៕
………………………………………………………….
ប្រភពព័ត៌មាន៖ កាសែតរស្មីកម្ពុជា ឆ្នាំទី៖ ១៧ លេខ៖ ៥០០១
ចេញផ្សាយ៖ ថ្ងៃព្រហស្បតិ៍-អង្គារ ទី១៧-២២ ខែកញ្ញា ឆ្នាំ២០០៩
………………………………………………………….
http://women.open.org.kh/km/husband-rape-wife

