រូបភាព
កំពុងទស្សនា
ពាណិជ្ជកម្ម

PostHeaderIcon ក្រុម​យុវជន​ជួប​ជុំ​គ្នា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ

យ៉ាង​ហោច​ណាស់​មាន​យុវជន​ជិត​៤០០​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​យុវជន​ ស្ដីអំពី​ការ​យល់​ដឹង​របស់​យុវជន​ពី​ផល​ប៉ះពាល់​និង​ការ​ឆ្លើយ​តប​ចំពោះ​ គ្រោះ​មហន្តរាយ​ធម្មជាតិ ធ្វើ​ឡើង​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កញ្ញា សោម ស៊ីរ៉ា ជា​និស្សិត​នៃ​មហា​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​បន្តិច​បន្តួច​ក៏​ដោយ ក៏​យុវជន​មាន​ការ​បារម្ភ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ របស់​ពួក​គាត់​នោះ។

១៣-កញ្ញា-២០០៩: ទឹក​ជំនន់​នៅ​ក្នុង​ឃុំ​ត្នោត ស្រុក​បារាយណ៍ ខែត្រ​កំពង់ធំ។

១៣-កញ្ញា-២០០៩: ទឹក ជំនន់ នៅ ក្នុង ឃុំ ត្នោត ស្រុក បារាយណ៍ ខែត្រ កំពង់ធំ។


កញ្ញា សោម ស៊ីរ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ ហ្នឹង​វា​ធ្វើ​ឲ្យ​យើង​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភ្លៀង​ក៏​ខុស​រដូវ ហើយ​កម្ដៅ​បើ​សិន​ជា​ក្ដៅ ក្ដៅ​មែនទែន ដល់​ពេល​អ៊ីចឹង​ធ្វើ​ឲ្យ​ជំងឺ​ប្លែកៗ​ចេះតែ​កើត​មាន​ឡើង។ បន្តិច​ទៀត​ហ្នឹង ទាក់ទង​ទៅ​នឹង​ផល​កសិកម្ម​យើង​ដែរ អ៊ីចឹង​វា​ជួប​ប្រទះ​បញ្ហា​ពិបាក​ដែរ។ បច្ចុប្បន្ន​ស្រុក​មួយចំនួន​លិច​ទឹក ស្រុក​មួយចំនួន​រាំង​ស្ងួត»។

លោក ស៊ន សុផាត ប្រធាន​គម្រោង​គ្រោះ​ធម្មជាតិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៩ ឲ្យ​ដឹង​ថា ក្រុម​យុវជន​កម្ពុជា​ភាគ​ច្រើន​បាន​ចាប់ផ្ដើម​ស្វែង​យល់​អំពី​គ្រោះ​ មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​និង​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ បញ្ហា​បរិស្ថាន បញ្ហា​សង្គម និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក ស៊ន សុផាត បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​ដែល​យុវជន​គាត់​ទទួល​ បាន​ព័ត៌មាន គាត់​យល់​ដឹង​ពី​គ្រោះ​មហន្តរាយ​ហ្នឹង ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គាត់​បាន​ទូលំ​ទូលាយ អ៊ីចឹង​វា​ជា​ប្រយោជន៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ ទាក់ទង​នឹង​ការ​ទប់​ស្កាត់ ទាក់ទង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច ធ្វើ​យ៉ាង​ម៉េច។ ធម្មតា​តែ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​វា​មិន​មែន​ប៉ះពាល់​តែ​ប្រជាជន​ ទេ វា​អាច​ប៉ះពាល់​ដល់​យុវជន​យើង ព្រោះ​អី​យុវជន​ជា​កូន​របស់​ប្រជាជន​ដែរ»។

ចំណែក​ឯ លោក ប៉ុន ណារិទ្ធ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ថា គ្រោះ​ធម្មជាតិ​ដែល​ធ្លាប់​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​មាន​ គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ​ជាដើម។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ជួយ​ដល់​ប្រជាពលរដ្ឋ តែ​គ្រោះ​ធម្មជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់នៅ ប៉ះពាល់​ដល់​របរ​កសិកម្ម​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​និង​ការ​អភិវឌ្ឍ​របស់​រដ្ឋ ​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​តាម​បណ្ដា​ ខេត្ត​មួយចំនួន​និង​បណ្ដោយ​ដង​ទន្លេ​មេគង្គ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​គិត​ជា​ប្រាក់​ប្រមាណ​ជា​២៥០​លាន​ ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ឆ្នាំ​២០០៩​នេះ ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​បាន​ជួប​គ្រោះ​ធម្មជាតិ ដូច​ជា​ទឹក​ជំនន់​នៅ​ខេត្ត​កំពត ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​រតនគិរី ហើយ​និង​គ្រោះ​ទឹក​ជំនន់​ផង​និង​គ្រោះ​រាំង​ស្ងួត​ផង​នៅ​ក្នុង​ខេត្ត​ កំពង់ស្ពឺ។

ការ​កើត​ឡើង​នៃ​គ្រោះ​ធម្មជាតិ​នេះ​ត្រូវ​មន្រ្តី​អង្គការ​នានា​រិះគន់​ ថា ដោយសារ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ដែល​មិន​មាន​ការ​ បង្រ្កាប៕
……………………………………………………………………………..
Copyright © 1998-2009 Radio Free Asia. All rights reserved.

អានព៍តមានផ្សេងៗទៀត

ប្រអប់បញ្ចេញមតិយោបល់

ពាណិជ្ជកម្ម
ពាណិជ្ជកម្ម